នាពេលថ្មីៗនេះ អ្នកតំណាងរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំប្រទេសកម្ពុជាបានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ Prince Horology។ ការធ្វើទស្សនកិច្ចនៅក្នុងសាលានេះត្រូវបានដឹកនាំដោយលោកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនពីប្រទេសស្វីស។
អង្គការ UNIDO មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព (ISID) នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចក្នុងពេលអន្តរកាល។ ដោយទទួលបានជោគជ័យក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចនៅប្រទេសជាច្រើន កម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) របស់អង្គការ UNIDO ត្រូវបានអនុវត្តនៅទូទាំងប្រទេសកម្ពុជា អេត្យូពី កៀហ្ស៊ីស៊ីស្ថាន ម៉ារ៉ុក ប៉េរូ និងប្រទេសសេណេហ្គាល់។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា និងជាអ្នកគ្រប់គ្រងកម្មវិធី PCP បានមានប្រសាសន៍ថា “ចំណុចស្នូលមួយក្នុងចំណោមគោលការណ៍សំខាន់ៗរបស់ PCP នៅកម្ពុជា គឺការប្រើប្រាស់សក្តានុពលរបស់យុវជន និងស្ត្រីនៅក្នុងទីផ្សារការងារប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ យើងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសាលា ព្រីនស៍ នាឡិកា (Prince Horology) ដែលគាំទ្រដោយមូលនិធិព្រីស៍ បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈអំពីសិល្បៈក្នុងការការផលិតនាឡិកាស្តង់ដាប្រទេសស្វីសនៅក្នុងទីក្រុងភ្នំពេញ”។ លោកបានបន្ថែមទៀតថា “ដំណើរទស្សនកិច្ចនេះបានជំរុញឱ្យពួកយើងឃើញថា ព្រីនស៍ ហូលឌីង គ្រុប មានគោលបំណងលើកទឹកចិត្តយុវជនក្នុងស្រុក និងជួយជុំរុញពួកគេឲ្យឆ្ពោះទៅរកការងារដែលប្រកបដោយគុណភាព និងមានស្ថិរភាព”។
ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងខ្ញុំពិតជារីករាយណាស់ដែលបានរៀបចំដំណើរទស្សនកិច្ចនេះសម្រាប់អង្គការ UNIDO។ ហើយយើងខ្ញុំក៏សង្ឃឹមថានឹងមានឱកាសកាន់តែច្រើនក្នុងការទំនាក់ទំនង និងរៀនសូត្រពីអង្គការ UNIDO ក្នុងវិស័យនៃការអភិវឌ្ឍ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបើកឱកាសឲ្យកាន់តែទូលំទូលាយសម្រាប់យុវជនក្នុងប្រទេសកម្ពុជា”។