ដែលមានការចូលរួមសហការពី មូលនិធិព្រីនស៍ និងនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី
សិស្សានុសិស្សវិទ្យាល័យប្រមាណជាង ២,០០០នាក់ ក្នុងខេត្តសៀមរាប បានស្វែងយល់អំពីគន្លឹះសម្រាប់អនាគតតាមរយៈការទទួលបាននូវបទពិសោធន៍ដែលចែករំលែកពីអ្នកជំនាញការងារដែលមានបទពិសោធន៍នៅឯពិព័រណ៍ការងារដែលរៀបចំឡើងដោយអង្គការ Caring for Cambodia (CFC)។ ពិព័រណ៍ការងារនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលរៀបចំឡើងដោយអង្គការ CFC ក្នុងកម្មវិធីត្រៀមរៀបចំអាជីពការងារដើម្បីជួយដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យឲ្យទទួលបានឱកាសការងារត្រឹមត្រូវ។
មូលនិធិព្រីនស៍ គឺជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មនានាដែលបានចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ការងារនេះដោយមានការរៀបចំស្តង់មួយដែលមានឈ្មោះថា “សម្រេចក្តីសុបិនរបស់អ្នកជាមួយ ព្រីនស៍ គ្រុប” ដោយមានការដាក់បង្ហាញអំពីដៃគូអាជីវកម្មសំខាន់ៗទាំងប្រាំពីរ និងឱកាសការងារជាច្រើនរបស់ ព្រីនស៍ គ្រុប នៅវិទ្យាល័យប្រាសាទបាគង និងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអារញ្ញសាគរខាតបឺត។
យើងក៏ទទួលបានការចូលរួមស្ម័គ្រចិត្តពីសំណាក់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ១៤នាក់ របស់យើង ក្នុងការរៀបចំកម្មវិធី និងការចែករំលែកគំនិតល្អៗដើម្បីជួយដល់យុវជនកម្ពុជាដែលកំពុងស្វែងរកឱកាសការងារល្អៗ។
លោកស្រី Rebecca Large នាយករងប្រចាំប្រទេសរបស់អង្គការ Caring for Cambodia បានមានប្រសាសន៍ថា “ពិព័រណ៍ការងារ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សក្នុងការបង្កើនទំនាក់ទំនង និងទទួលបានព័ត៌មានដោយផ្ទាល់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគតរបស់ខ្លួន”។ លោកស្រីបានបន្តថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំពិព័រណ៍ការងារដែលមានចំនួនអ្នកចូលរួមច្រើនបំផុត ហើយយើងសង្ឃឹមថាកម្មវិធីនេះនឹងជំរុញទឹកចិត្តសិស្សានុសិស្សកម្ពុជាឱ្យហ៊ានសុបិនឱ្យកាន់តែធំ”។
ជាមួយគ្នានេះ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “បន្ទាប់ពីអំឡុងពេលជំងឺរាតត្បាត ច្បាស់ណាស់វាបានផ្ដល់ឡើងនូវបរិយាកាសសិក្សាថ្មី និងប្រភេទនៃអាជីពការងារដែលសិស្សវិទ្យាល័យ និងនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគួរពិចារណា”។ លោកបានបន្តថា “យើងសង្ឃឹមថាពិព័រណ៍ការងារនេះនឹងផ្តល់នូវព័ត៌មានដែលសិស្សត្រូវការនៅដំណាក់កាលសំខាន់មួយ ដើម្បីបង្កើនការប្រកួតប្រជែងរបស់ពួកគេនៅកន្លែងធ្វើការ”។
គូសបញ្ជាក់ថា កម្មវិធីត្រៀមរៀបចំអាជីពការងារនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ និងបានជួយដល់សិស្សានុសិស្សជាង ៣,០០០នាក់ ជារៀងរាល់ឆ្នាំ។ សិស្សដែលបានបញ្ចប់ការសិក្សាពីសាលារបស់អង្គការ Caring for Cambodia មានភាគរយនឹងបន្តការសិក្សានៅសាកលវិទ្យាល័យច្រើនជាង ១៨ដង បើធៀបនឹងមធ្យមភាគជាតិ។