ទស្សនកិច្ចសិក្សានេះត្រូវបានឧបត្ថម្ភដោយមូលនិធិព្រីនស៍ និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដើម្បីគាំទ្រដល់អត្តពលិកប៉ារ៉ានារីកម្ពុជា។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃសម្រាប់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយដែលមានរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែមីនា រហូតដល់ថ្ងៃទី ៥ ខែមេសា។ ក្រោមការឧបត្ថម្ភពីមូលនិធិព្រីនស៍ និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្រុមដែលមានសមាជិក ១៦នាក់នេះនឹងចូលរួមកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី (AOZ) នៅខេត្តសូផាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងជំនាញ និងបទពិសោធន៍ក្នុងការត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។
កម្មវិធីនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះរទេះរុញអន្តរជាតិ ដោយមានការគាំទ្រពីមូលនិធិ Agitos និង មូលនិធិ World Wheelchair Express។ អត្តពលិកមកពីបណ្តាប្រទេសចូលរួមមានដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងថៃ នឹងត្រៀមបង្កើនជំនាញរបស់ពួកគេតាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការធ្វើត្រាប់តាមការប្រកួត។
លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ និងមូលនិធិព្រីនស៍។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា «យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតងាករេ ដែលបានជួយឱ្យក្រុមអត្តពលិករបស់ពួកយើងឈានទៅដល់សក្តានុពលដ៏ពេញលេញមួយរបស់ពួកគេ។ ក្រុមអត្តពលិកនារីរបស់យើងដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ ទន្ទឹមរង់ចាំចូលរួមក្នុងកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី និងបន្តពង្រឹងសមត្ថភាពជំនាញរបស់ពួកគេនៅលើឆាកអន្តរជាតិ»។
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានសម្តែងការគាំទ្ររបស់គាត់ចំពោះក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា ហើយលោកក៏បានជូនពរក្រុមអត្តពលិកឱ្យមានសុខភាពល្អក្នុងការធ្វើដំណើររបស់ពួកគេ។ «នៅមូលនិធិព្រីនស៍ យើងប្តេជ្ញាផ្តល់សិទ្ធិអំណាចដល់ជនពិការ និងលើកកម្ពស់បរិយាបន្នតាមរយៈកីឡា។ យើងមានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាក្នុងការស្វែងរកឧត្តមភាពរបស់ពួកគេ ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងស៊ីហ្គេមលើកទី៣២»។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ជាប្រធានកិត្តិយស និងលោកទេសរដ្ឋមន្រ្តី លី ធុជ ជាប្រធាន សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា គឺជាអង្គការមួយដែលមានបេសកកម្មក្នុងការលើកកម្ពស់កីឡាបាល់បោះរទេះរុញ និងផ្តល់ឱកាសដល់អត្តពលិកដែលមានពិការភាព។ រួមជាមួយនឹងការគាំទ្រពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងមូលនិធិព្រីនស៍ ក្រុមអត្តពលិកបានធ្វើការហ្វឹកហាត់យ៉ាងសស្រាកសស្រាំ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលនឹងខិតជិតមកដល់នាពេលខាងមុននេះនៅព្រះរាជណាចក្រកម្ពុជា។
ក្នុងនាមជាមូលនិធិមនុស្សធម៌នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប និងត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានព្រីនស៍ ហូលឌីង គ្រុប មូលនិធិព្រីនស៍ បានយកចាំទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ បន្ថែមពីការគាំទ្រសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា មូលនិធិក៏បានឧបត្ថម្ភគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ និងជួយសម្រួលដល់ការប្រកួតមិត្តភាពរវាងក្រុមកម្ពុជា និងប្រទេសដទៃទៀតផងដែរ។ មូលនិធិព្រីនស៍ នឹងបន្តជំរុញការអភិវឌ្ឍវិស័យកីឡាដែលជាកម្លាំងស្នូលមួយសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។