ការស្ទង់មតិបង្ហាញថាអ្នកចូលរួមពីសកលវិទ្យាល័យ NTU ចំនួន១០០ភាគរយចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារក្រោយបញ្ចប់ការសិក្សា
[រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២] នាពេលថ្មីៗនេះក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំឈានមុខគេមួយនៅកម្ពុជា បានធ្វើការគាំទ្រដល់កម្មវិធីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (ហៅកាត់ថា NTU) PEAK ASEAN ដែលជាកម្មវិធីដំបូងបង្អស់មួយ ក្នុងការប្រមូលផ្ដុំនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ NTU ផ្នែកជំនាញធុរកិច្ច មនុស្សសាស្រ្ត សិល្បៈ វិទ្យាសាស្ត្រសង្គម និងវិស្វកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចុះកម្មសិក្សារយៈពេលពីរសប្ដាហ៍។ លើសពីនេះ និស្សិតរបស់សាកលវិទ្យាល័យ NTU ត្រូវបានតម្រូវឱ្យធ្វើការសហការជាមួយនឹងនិស្សិតរមកពីវិទ្យាស្ថាន CamEd Business School។ លទ្ធផលរំពឹងទុកពីការស្ទង់មតិក្រោយបញ្ចប់កម្មវិធីបានបង្ហាញថានិស្សិត NTU ចំនួន១០០ភាគរយបានចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារបន្ទាប់ពីបញ្ចប់ការសិក្សា។
អ្នកគ្រប់គ្រងរបស់ព្រីនស៍ គ្រុប គ្រូណែនាំ និស្សិតសកលវិទ្យាល័យNTU និងនិស្សិតវិទ្យាស្ថាន CamEd ក្នុងអំឡុងពេលធ្វើបទបង្ហាញចុងក្រោយនៅទីស្នាក់ការកណ្តាលរបស់ព្រីនស៍ ហូលឌីង គ្រុប
ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមផ្ដល់ការងារ និងបរិយាកាសស្រាវជ្រាវដល់និស្សិតទាំងអស់នៅក្នុងកម្មវិធីនេះ ដោយមានការគាំទ្រពីសំណាក់គ្រូជំនាញដែលមកពីអង្គភាពសាជីវកម្មសំខាន់ៗទាំងពីររបស់ខ្លួនរួមមាន ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថលមេនេចមុិន និងព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។
ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ NTU PEAK ASEAN គឺជាកម្មវិធីបន្ថែមពីលើកម្មវិធី NTU PEAK ដែលជាកម្មវិធីសិក្សាមានរយៈពេលបីសប្តាហ៍ និងត្រូវបានរៀបចំជាធម្មតានៅក្នុងប្រទេសសិង្ហបុរី ដែលសិស្សានុសិស្សធ្វើការរួមគ្នាជាក្រុមដើម្បីធ្វើការស្រាវជ្រាវ ការស្ទង់មតិ និងបង្ហាញដំណោះស្រាយដែលអាចសម្រេចបាននូវបញ្ហាប្រឈមសម្រាប់មុខជំនួញជាក់ស្តែងដែលផ្តល់ជូនដោយដៃគូសាជីវកម្មដែលចូលរួម។
លោក Desmond Woo សាកលវិទ្យាធិការរងពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានមានប្រសាសន៍ថា៖ «ដោយឈរលើគោលការណ៍នៃការគិតបែបរចនា កម្មវិធី NTU PEAK បានរៀបចំរួមគ្នាជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីអភិវឌ្ឍនិស្សិតដែលមានសក្តានុពលខ្ពស់ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានា សម្រាប់ទីកន្លែងធ្វើការ និងសហគមន៍។» លោកបានបន្តថា៖ «យើងសូមថ្លែងអំណរគុណចំពោះ ព្រីនស៍ គ្រុប សម្រាប់ការគាំទ្រដល់សិស្សានុសិស្សរបស់យើងក្នុងកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជា និងជួយដល់សិស្សរបស់យើងនូវការយល់ដឹងអំពីទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។»
ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា៖ «កម្មវិធី NTU PEAK ASEAN គឺជាឱកាសដ៏ល្អមួយដើម្បីកែលម្អការយល់ដឹងរបស់អនាគតមេដឹកនាំរបស់ប្រទេសសិង្ហបុរីក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានា អំពីប្រទេសកម្ពុជា។» លោកបានបន្ថែមថា៖ « សិស្សនិស្សិតចូលរួមនៃកម្មវិធីនេះ បានធ្វើអន្តរកម្មយ៉ាងទូលំទូលាយជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិរបស់យើង ដែលថ្នាក់ដឹកនាំបានស្ងើចសរសើរដល់ការបង្ហាញដំណោះស្រាយយ៉ាងទូលំទូលាយរបស់ពួកគេនៅក្នុងបទបង្ហាញចុងក្រោយរបស់ពួកគេ។ ក្នុងនាមជាអតីតនិស្សិតសាកលវិទ្យាល័យ NTU ខ្ញុំពិតជាទន្ទឹងរង់ចាំស្វាគមន៍អ្នកចូលរួម និងដៃគូដែលមានសក្តានុពលបន្ថែមទៀតនាពេលអនាគត។»
ការអភិវឌ្ឍធនធានមនុស្សជាចំណុចផ្តោតសំខាន់ចំបងរបស់មូលនិធិព្រីនស៍ដែលជាផ្នែកមនុស្សធម៌របស់ព្រីនស៍ហូលឌីង គ្រុប។ គ្រុបនេះតែងជាអ្នកគាំទ្រវិស័យអប់រំកម្រិតឧត្តមសិក្សានៅប្រទេសកម្ពុជា ហើយកំពុងធ្វើការជ្រើសរើសសិស្សអាហារូបករណ៍ចេនហ្សីជំនាន់ទី២។ តាមរយៈមូលនិធិព្រីនស៍ និស្សិតចំនួន១០០នាក់ បានទទួលអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២១ ២០២២ ដែលធ្វើឱ្យពួកគេបានសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកំពូលៗក្នុងប្រទេស។ ក្រោមការដឹកនាំ និងសប្បុរសធម៌របស់អ្នកឧកញ៉ា ចេនហ្សី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មូលនិធិព្រីនស៍នឹងបន្តធ្វើការឆ្ពោះទៅរកការពង្រឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ធនធានមនុស្ស ស្របតាមសសរស្តម្ភស្នូលនៃការអប់រំ និងការអភិវឌ្ឍយុវជន។