ទស្សនកិច្ចសិក្សានេះត្រូវបានឧបត្ថម្ភដោយមូលនិធិព្រីនស៍ និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ​ ដើម្បីគាំទ្រដល់អត្តពលិកប៉ារ៉ានារីកម្ពុជា។​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣  ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃសម្រាប់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយដែលមានរយៈពេល ៩ថ្ងៃ​ ចាប់ពីថ្ងៃទី ២៨ ខែមីនា រហូតដល់ថ្ងៃទី ៥ ខែមេសា។ ក្រោមការឧបត្ថម្ភពីមូលនិធិព្រីនស៍ និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្រុមដែលមានសមាជិក​ ១៦នាក់​នេះនឹងចូលរួមកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី (AOZ) នៅខេត្តសូផាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងជំនាញ និងបទពិសោធន៍ក្នុងការត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។

កម្មវិធីនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះរទេះរុញអន្តរជាតិ ដោយមានការគាំទ្រពីមូលនិធិ Agitos និង មូលនិធិ World Wheelchair Express។ អត្តពលិកមកពីបណ្តាប្រទេសចូលរួមមានដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ​ ហ្វីលីពីន និងថៃ នឹងត្រៀមបង្កើនជំនាញរបស់ពួកគេតាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការធ្វើត្រាប់តាមការប្រកួត។

លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ និងមូលនិធិព្រីនស៍។​ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា «យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតងាករេ​ ដែលបានជួយឱ្យក្រុមអត្តពលិករបស់ពួកយើងឈានទៅដល់សក្តានុពលដ៏ពេញលេញមួយរបស់ពួកគេ។ ក្រុមអត្តពលិកនារីរបស់យើងដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ ទន្ទឹមរង់ចាំចូលរួមក្នុងកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី និងបន្តពង្រឹងសមត្ថភាពជំនាញរបស់ពួកគេនៅលើឆាកអន្តរជាតិ»។

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានសម្តែងការគាំទ្ររបស់គាត់ចំពោះក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា ហើយលោកក៏បានជូនពរក្រុមអត្តពលិកឱ្យមានសុខភាពល្អក្នុងការធ្វើដំណើររបស់ពួកគេ។ «នៅមូលនិធិព្រីនស៍ យើងប្តេជ្ញាផ្តល់សិទ្ធិអំណាចដល់ជនពិការ និងលើកកម្ពស់បរិយាបន្នតាមរយៈកីឡា។ យើងមានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាក្នុងការស្វែងរកឧត្តមភាពរបស់ពួកគេ ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងស៊ីហ្គេមលើកទី៣២»។

​ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ជាប្រធានកិត្តិយស និងលោកទេសរដ្ឋមន្រ្តី​ លី ធុជ ជាប្រធាន សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា គឺជាអង្គការមួយដែលមានបេសកកម្មក្នុងការលើកកម្ពស់កីឡាបាល់បោះរទេះរុញ និងផ្តល់ឱកាសដល់អត្តពលិកដែលមានពិការភាព។ រួមជាមួយនឹងការគាំទ្រពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងមូលនិធិព្រីនស៍ ក្រុមអត្តពលិកបានធ្វើការហ្វឹកហាត់យ៉ាងសស្រាកសស្រាំ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលនឹងខិតជិតមកដល់នាពេលខាងមុននេះនៅព្រះរាជណាចក្រកម្ពុជា។

ក្នុងនាមជាមូលនិធិមនុស្សធម៌នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប និងត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានព្រីនស៍ ហូលឌីង គ្រុប មូលនិធិព្រីនស៍ បានយកចាំទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ បន្ថែមពីការគាំទ្រសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា មូលនិធិក៏បានឧបត្ថម្ភគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ និងជួយសម្រួលដល់ការប្រកួតមិត្តភាពរវាងក្រុមកម្ពុជា និងប្រទេសដទៃទៀតផងដែរ។ មូលនិធិព្រីនស៍ នឹងបន្តជំរុញការអភិវឌ្ឍវិស័យកីឡាដែលជាកម្លាំងស្នូលមួយសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា

មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌របស់ព្រីនស៍ ហូលឌីង គ្រុប បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ខ្លួន ដោយបង្ហាញពីភាពជោគជ័យ និងវឌ្ឍនភាពក្នុងកិច្ចការឆ្នាំចាស់សម្រាប់សសរស្តម្ភទាំង៣ របស់មូលនិធិ។

មូលនិធិបានវិនិយោគទឹកប្រាក់សរុបជាង ២.៦ លានដុល្លារទៅក្នុងកម្មវិធីធំសំខាន់ៗចំនួន ៣ របស់ខ្លួនក្នុងឆ្នាំ ២០២២ ដោយទឹកប្រាក់ ២.២ លានដុល្លារត្រូវបានបែងចែកសម្រាប់កម្មវិធីអប់រំ និងការផ្តល់សិទ្ធិអំណាចដល់យុវជន ហើយចំណែកនៅសល់សម្រាប់ការថែទាំសុខភាព ការចូលរួមសហគមន៍ និងសកម្មភាពកីឡា។ ប្រជាជនកម្ពុជាជាង ៦៤៥,០០០ នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីមនុស្សធម៌របស់មូលនិធិយើង។

សមិទ្ធផលដ៏សំខាន់បំផុតមួយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំគឺជាការចាប់ផ្តើម និងដាក់ចេញនូវកម្មវិធីអាហារូបករណ៍វចេន ហ្ស៊ីជំនាន់ទីមួយដ៏ជោគជ័យ ដែលបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងឱកាសវិជ្ជាជីវៈដល់និស្សិតកម្ពុជាដើម្បីបន្តការរៀនសូត្រនៅថ្នាក់ឧត្តមសិក្សា។

ក្នុងវិស័យសុខាភិបាល មូលនិធិព្រីនស៍បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់ការផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារដែលប្រឈមនឹងការងាយគ្រោះ និងកំពុងត្រូវការជំនួយ។ លើសពីនេះ មូលនិធិបានសហការជាមួយអង្គការផ្សេងៗទៀត ដើម្បីលើកកម្ពស់បរិយាបន្ន សមធម៌ ផ្តល់ភាពងាយស្រួលដល់មនុស្សគ្រប់រូប និងទម្លាប់អនាម័យល្អ។

យើងបន្តប្តេជ្ញាដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងវិស័យអប់រំប្រកបដោយគុណភាព សុខភាព និងសុខុមាលភាព ការកាត់បន្ថយវិសមភាព និងកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥។

របាយការណ៍ប្រចាំឆ្នាំ ២០២២ នឹងផ្តល់នូវរបាយការណ៍សង្ខេបលម្អិតហរិញ្ញវត្ថុរបស់យើង និងអ្នកទទួលផល

ពីការងារសប្បុរសធម៌របស់យើង។ លើស​ពី​នេះ របាយការណ៍សង្ខេបរបស់យើងនឹងផ្តល់ទិដ្ឋភាពសង្ខេបទូទៅនៃសកម្មភាពទាំងអស់របស់យើងដែលបាន​អនុវត្ត​ពេញ​មួយ​ឆ្នាំ។

មូលនិធិព្រីនស៍ នឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៣នេះ។

សូមចុចត្រង់នេះដើម្បីទទួលបានរបាយការណ៍ពេញ។

[រាជធានីភ្នំពេញ, ថ្ងៃពុធ ទី០១ មីនា ២០២៣] មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយបាននាំមកក្រុមហ៊ុនសហការឧបត្ថម្ភចំនួន ២២ និងអ្នកចូលរួមចំនួន​ ៤៨០​នាក់ ។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណរបស់កម្ពុជា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការដឹកជញ្ជូនមកវិញនូវសម្បត្តិជាតិរបស់ប្រទេសជាតិនាពេលខាងមុខ។

លោក Anthony Galliano ប្រធាន សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា « ការប្រគល់មកវិញនូវសម្បត្តិជាតិរបស់កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស។ យើង​សូមថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ពី​មូលនិធិព្រីនស៍និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុងការជួយ​សហគមន៍។»

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ មានប្រសាសន៍ថា «មូលនិធិព្រីនស៍ មានកិត្តិយសក្នុងការឧបត្ថម្ភព្រឹត្តិការណ៍នេះ និងរួមចំណែកដល់ការការពារអត្តសញ្ញាណជាតិកម្ពុជា។ យើងជឿជាក់ថា ការអភិរក្សវប្បធម៌នឹងលើកតម្កើងអត្តសញ្ញាណជាតិ និងមោទនភាពជាតិកម្ពុជា។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកសម្បត្តិជាតិមកកម្ពុជាវិញ។»

មូលនិធិព្រីនស៍ ដែលត្រូវបង្កើតឡើងដោយស្ថាបនិក និងលោកប្រធាន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្តេជ្ញាស្វែងរកភាពជាដៃគូរួមគ្នាសម្រាប់ការអភិវឌ្ឍ​ភាពធន់នៅក្នុងប្រទេសកម្ពុជា។ មូលនិធិព្រីនស៍ កំពុងគាំទ្រយ៉ាងសកម្មដល់កិច្ចសកម្មភាពខិតខំប្រឹងប្រែងដោះមីន តាមរយៈការរៃអង្គាសថវិកា និងបង្កើនការយល់ដឹងសម្រាប់បុព្វហេតុនេះ។ លើសពីនេះ មូលនិធិបាននឹងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡា និងផ្តល់សិទ្ធិអំណាចដល់អត្តពលិកមានពិការភាព។

ជាមួយនឹងការសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមប្រកបដោយចីរភាពនិងផលវិជ្ជមានសង្គម មូលនិធិព្រីនស៍នឹងបន្តបង្កើនភាពជាដៃគូរវាងដៃគូរដ្ឋ និងឯកជន ដើម្បីជំរុញអនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជា។

អាហារូបករណ៍ ១០០កន្លែង សម្រាប់សិស្សានុសិស្សឆ្នាំសិក្សា ២០២៣

[ភ្នំពេញ​ ថ្ងៃទី​២៧​​ ខែមករា ឆ្នាំ២០២៣] មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។

 លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ (ITC)។

 តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (czs2023.com) នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

 សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។

 កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។