[រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២] មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងអង្គការភ្លែនអន្តរជាតិ (កម្ពុជា) បានធ្វើការបញ្ចប់ជាផ្លូវការនូវពិធីប្រគល់ជូនគ្រឿងបរិក្ខារសម្រាប់ លាងសម្អាតដៃចំនួន ១៩៨ ដល់សាលារៀនសរុបចំនួន ៩៩ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា គ្រឿងបរិក្ខារសម្រាប់លាងសម្អាតដៃនេះនឹងត្រូវបានចែកចាយទៅកាន់ស្ថាប័នចំនួន ៩៩ កន្លែង ដែលរួមមាន សាលាបឋមសិក្សាចំនួន ៧២ អនុវិទ្យាល័យចំនួន ១៨ និងវិទ្យាល័យចំនួន ៩ ជុំវិញខេត្តព្រះសីហនុ។ កម្មវិធីនេះ ប្រព្រឹត្តឡើងជាផ្នែកមួយនៃគម្រោង Safe to School ដែលមានរយៈពេលប្រាំមួយខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ដែលផ្តួចផ្ដើមឡើងដោយ មូលនិធិព្រីនស៍ អង្គការភ្លែនអន្តរជាតិហុងកុង (Plan International Hong Kong) និង អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia)។ គម្រោងនេះ មានគោលបំណងក្នុងការធានាថា សិស្សានុសិស្ស មានលទ្ធភាពទទួលបានគ្រឿងបរិក្ខារអនាម័យត្រឹមត្រូវនៅពេលពួកគេត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីជំងឺរាត ត្បាតកូវីដ-១៩។
អ្នលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា “សិស្សានុសិស្ស ប្រមាណជិត ៤ម៉ឺន នាក់ ដោយមានការបែងចែកស្មើៗគ្នារវាងក្មេងប្រុស និងក្មេងស្រីនឹងអនុវត្តធ្វើអនាម័យដៃកាន់តែប្រសើរ ជាងមុននៅក្នុងគ្រប់សាលារៀននៃខេត្តព្រះសីហនុជាមួយនឹងគ្រឿងបរិក្ខារសម្រាប់លាងសម្អាតដៃដែលដំណើរការដោយឈ្នាន់ និងងាយស្រួលប្រើសម្រាប់ពិការភាពដែលយើងបានផ្តល់អោយ”។
ជាមួយគ្នានេះ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងចង់ធានាឲ្យបានថាសិស្សានុសិស្សទាំងអស់ទទួលបានការធ្វើអនាម័យដៃរបស់ពួកគេបានស្អាត ព្រោះវាមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់សុខភាព និងសុវត្ថិភាពរបស់ពួកគេនៅសាលារៀនដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺរាតត្បាត ហើយយើង
មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការទទួលបានឱកាសធ្វើការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា”។
ព្រីនស៍ ហូលឌីង គ្រុប ក្រោមការដឹកនាំរបស់លោក ប្រធាន Chen Zhi ផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
ព្រីនស៍ គ្រុប ជឿជាក់ថាអនាម័យល្អ គឺត្រូវបានរំពឹងថានឹងជំរុញអោយបរិយាកាសជុំវិញកាន់តែប្រសើរឡើង ដោយលើកកម្ពស់ការ
សិក្សា និងគុណភាពនៃការអប់រំដែលជាការយកចិត្តទុកដាក់មួយ (ការអប់រំ ការថែទាំសុខភាព និងការចុះជួយសហគមន៍) របស់ មូលនិធិព្រីនស៍។
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)៖
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមាន
ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។
អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មប្រមាណជាង ៨០ នៅក្នុង ប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និង
សេដ្ឋកិច្ចក្នុងតំបន់។
អំពីមូលនិធិព្រីនស៍ (Prince Foundation)៖
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោល បំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវ សហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជាក្នុងការផ្តល់អាហារូបករណ៍ពេញលេញទៅដល់និស្សិត សាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមមាន ប្រាក់ឧបត្ថម្ភ ការចុះកម្មសិក្សា និងឱកាស ការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ៥០០,០០០ នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារ។
សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
Prince Foundation
ទូរស័ព្ទលេខ៖ +៨៥៥ ១២ ៣០៤០០១
អ៊ីម៉ែល៖ sorthy.so@princefoundation.com