ក្នុងដំណើរទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ តំណាងមូលនិធិព្រីនស៍ បានសិក្សាស្វែងយល់ថា
ស្រ្តីបានដើរតួសំខាន់ក្នុងការធ្វើឱ្យកម្ពុជាមានលទ្ធភាពសម្រេចបានគោលដៅបោសសម្អាតមីនឲ្យអស់បានយ៉ាងឆាប់រហ័សនាពេលអនាគត។
នៅឆ្នាំ២០២៥,កម្ពុជាមានគោលបំណងបញ្ចប់ការគំរាមកំហែងនៃការរងរបួសដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលសល់ពីសម័យសង្គ្រាម។ គិតចាប់ពីឆ្នាំ១៩៩២ កម្ពុជាបានប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសម្រេចរំដោះផ្ទៃដីបាន ២,៣៧៩គីឡូម៉ែត្រការ៉េ និងនៅសល់ប្រមាណជាង ២,០០០គីឡូម៉ែត្រការ៉េ ទៀត។
នៅថ្ងៃទី6 ខែកក្កដា មូលនិធិព្រីនស៍ បានចូលរួមដំណើរទស្សនកិច្ចនៃកម្មវិធី “ឥទ្ធិពលស្ត្រីក្នុងសកម្មភាពកំចាត់មីន” ដែលរៀបចំដោយ អាជ្ញាធរមីនកម្ពុជា និងមូលនិធិ Sir Bobby Charlton រួមជាមួយនឹងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលទើបទទួលបានការតែងតាំងនាពេលថ្មីៗនេះ បានធ្វើការណែនាំគណៈប្រតិភូទៅកាន់ស្ត្រីជាអ្នកបោសសម្អាតមីន ដែលស្គាល់ថាជាអ្នកដោះមីន។
តំណាងគណៈប្រតិភូទាំងអស់ បានសិក្សាស្វែងយល់អំពីរបៀបដែលស្ត្រីកម្ពុជារៀនជំនាញដោះមីន និងបោសសម្អាតជាតិផ្ទុះដ៏ស្មុគស្មាញ ហើយអនុវត្តជាក់ស្ដែងក្នុងកិច្ចការនេះ។ មូលនិធិ បានធ្វើការប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនដើម្បីជួយលើកកម្ពស់ការយល់ដឹងទៅកាន់សមាជិកក្រុមហ៊ុន និងភាគីពាក់ព័ន្ធតាមរយៈការធ្វើវីដេអូសម្ភាសន៍ ក៏ដូចជាសកម្មភាពរបស់អ្នកដោះមីន។